ឈើជ្រុងជាច្រើនរយកំណាត់ ដែលឈ្មួញគ្រោងដឹកជញ្ជូនពីខេត្តស្ទឹងត្រែង យកទៅលក់នៅក្នុងខេត្តរតនគិរី ត្រូវបានសមត្ថកិច្ចចម្រុះ ចុះបង្ក្រាបខេត្តស្ទឹងត្រែង÷ ស្រុកសេសានឈើជ្រុងប្រភេទលេខ១ ជាង៣០០កំណាត់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្ត រួមមាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងរដ្ឋបាលព្រៃឈើ និងកម្លាំងបរិស្ថានខេត្តស្ទឹងត្រែង បានចុះបង្ក្រាប និងរឹបអូសបាន គ្រាដែលក្រុមឈ្មួញកំពុងសម្រុកកាប់ និងដឹកជញ្ជូនយកមកស្តុកទុកក្នុងព្រៃ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ហើយគ្រោងនឹងដឹកជញ្ជូនឆ្លងចូលទៅខេត្តរតនគិរី ភាគឦសាននៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសវៀតណាម។ប្រតិបត្តិការនេះត្រូវបានគេឲ្យដឹងថា បានធ្វើឡើងចាប់តាំងពីថ្ងៃទី២១មិថុនា រហូតដល់ថ្ងៃទី២៣មិថុនាឆ្នាំ២០២២នេះ នៅចំណុចអូរដំបង ស្ថិតក្នុងភូមិតាឡាត ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលនៅជាប់នឹងព្រំប្រទល់ ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី។ប្រភពព័ត៌មានបានឲ្យដឹងថា ឈើជ្រុងដែលរងការបង្ក្រាប និងរឹបអូសបាននាពេលនេះ ជាប្រភេទឈើលេខ១ ឈើផ្ចឹកមានចំនួនច្រើនជាង ៣២០កំណាត់ ត្រូវបានគេឡាំងជា៤ជ្រុងមានមុខកាត់មធ្យម ០.៣ ម៉ែត្រ និងមានប្រវែង ២ម៉ែត្រកន្លះ ទៅ ៣ម៉ែត្រ ហើយឈើទាំងនេះ ទំនងក្រុមឈ្មួញ គ្រោងដឹកជញ្ជូនឆ្លងទន្លេសេសាន ពីខេត្តស្ទឹងត្រែង ទៅខេត្តរតនគិរី។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាប និងរឹបអូសឈើជាច្រើនរយកំណាត់នេះ សមត្ថកិច្ចមិនបានឃាត់ខ្លួនជនល្មើសបំផ្លាញព្រៃឈើនោះទេ ព្រោះត្បិតជនទាំងនោះបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងស្តុកឈើនោះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ឈើទាំងនេះត្រូវបានក្រុមឈ្មួញមានលុយ បានបំផុសប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ឲ្យចូលទៅក្នុងព្រៃក្រឡាពស់ និងភ្នំគុល កាប់និងឈើដឹកយកមកលក់ឲ្យខ្លួន ហើយព្រៃឈើដែលរងការកាប់បំផ្លាញនេះ សង្ស័យស្ថិតនៅក្នុងដែនព្រៃការពារជីវៈចម្រុះ ក្រោមការគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។ក្រោយការកាប់ផ្តួល និងពុះជ្រៀក ជា ៤ជ្រុងហើយ ក្រុមឈ្មួញសកម្មខាងបំផ្លាញធនធានធម្មជាតិ ជីវៈចម្រុះ និងព្រៃឈើ បានធ្វើការដឹកជញ្ជូនឈើទាំងនោះ តាមគោយន្តកន្ត្រៃ ឬរថយន្តកែច្នៃ យកមកទម្លាក់នៅមាត់ទន្លេក្នុងស្រុកសេសាន និងបន្ទាប់មកក៏ដឹកជញ្ជូនឆ្លងទឹក យកមកដាក់នៅមាត់ទន្លេត្រើយខាង ឃុំហាតប៉ក់ ស្រុកកូនមុំ ខេត្តរតនគិរី អាចនឹងដឹកបន្តយកទៅលក់នៅក្នុងប្រទេសវៀតណាម ថែមទៀតផង។ទោះជាយ៉ាងណាក៏ដោយចុះ ខណៈនេះកម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាប និងរឹបអូសនេះដែរ ដោយមិនបណ្តោយឲ្យឈ្មួញបន្តធ្វើសកម្មភាព ប្រព្រឹត្តបទល្មើសព្រៃឈើ តទៅទៀតបានឡើយ។ ប្រជាពលរដ្ឋមានការកោតសរសើរ ចំពោះចំណាត់ការបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកសេសាន ប៉ុន្តែ ពួកគាត់ក៏បានស្នើដល់កម្លាំងសមត្ថកិច្ច ឲ្យបន្តចុះបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលមានព្រំប្រទល់ជាប់ ខេត្តក្រចេះ នោះផងដែរ។តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យប្រព្រឹត្តបទល្មើសព្រៃឈើ នៅក្នុងស្រុកសៀមបូកនោះ មានជាច្រើននាក់ ប៉ុន្តែ មានម្នាក់ត្រូវគេស្គាល់ ឈ្មោះ តាវុធ ដែលគេនិយមហៅថា (តាវុធ ត្បូងខ្លា) ដែលជាឈ្មួញចាស់វស្សា រកស៊ីជួញដូរឈើនេះ មានរយៈពេលជាច្រើនឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ សង្ស័យ តាវុធត្បូងខ្លា នេះ មានខ្នងបង្អែកធំនៅពីក្រោយ ទើបអាចដំណើរការដឹកជញ្ជូនឈើតាមទូក ពីខេត្តស្ទឹងត្រែង យកទៅលក់នៅខេត្តក្រចេះ បានយ៉ាងរលូនបែបនេះ?៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា