សម្តេចតេជោ: កម្ពុជាគ្រោងធ្វើជាម្ចាស់នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅឆ្នាំ២០២០ខាងមុខ
អាមេរិក៖កម្ពុជាគ្រោងធ្វើជាម្ចាស់ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បែបនេះនៅក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្ការី នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោងនៅញូវយ៉ក សហរដ្ឋអាមេរិក។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានប្រាប់នាយករដ្ឋមន្ត្រីប៊ុលហ្ការីថា បំណងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ ត្រូវបានប្រទេសអាស៊ាន រួមទាំងប្រទេសនៅអឺរ៉ុបមួយចំនួនឯកភាពរួចហើយ។
សម្តេចតេជោក៏បានបញ្ជាក់ថា:សម្តេច ស្វែងរកការគាំទ្រពីប៊ុលហ្ការីផងដែរ ហើយនាយករដ្ឋមន្រ្តីប៊ុលហ្ការី ក៏បានឯកភាពគ្នាចំពោះសំណើររបស់សម្តេចតេជោផងដែរនិងបានចាត់ទុកថា វាជាឱកាសឲ្យរូបលោកបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាផងដែរ។
បើតាម page facebook របស់សម្តេចបានបញ្ជាក់ថា:
ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំទ្វេឡើង ទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបជូនសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការីថា នៅឆ្នាំ២០១៩ ខាងមុខ កម្ពុជានឹងរៀបចំបើកស្ថានឯកអគ្គរាជទូតកម្ពុជា នៅប៊ុលហ្ការីជាថ្មីឡើងវិញ បន្ទាប់ពីបានបិទមួយរយៈដោយស្ថានភាពនយោបាយរបស់ប្រទេសប៊ុលហ្ការី។
ឯកឧត្តមនាយករដ្ឋមន្រ្តី ប៊ុលហ្ការី ក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ក្នុងការបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅប្រទេសប៊ុលហ្ការី។
ទន្ទឹមនឹងនេះដែរ គឺជាឱកាសដែលសម្តេចនឹងបានអញ្ជើញទៅបំពេញទស្សនៈកិច្ចផ្លូវការនៅប៊ុលហ្ការីផងដែរ៕