ចាប់វាយខ្នោះបុរសម្នាក់ បន្ទាប់យកឈើជ្រុងវាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់
ខេត្តកណ្ដាល៖ជនសង្ស័យម្នាក់ ដែលយកឈើជ្រុងវាយជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្លូវបេតុងព្រែកគង់ត្រើយត្បូង ស្ថិតក្នុងភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផន រស្មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិឃុំមិនចាំ ស្រុកអង្គបុរី ខេត្តតាកែវ។ចំណែកជនរងគ្រោះមានឈ្មោះ ឡេង ទូច (ហៅប្រេម) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ចដកហូតបាននូវវត្ថុតាង ដំបងឈើជ្រុង១កំណាត់ ប្រវែង៧០សង់ទីម៉ែត្រ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះដើរតាមផ្លូវបេតុងព្រែកគង់ត្រើយខាងត្បូង ក្នុងទិសដៅពីកើតទៅលិច លុះដើរមកដល់ចំណុចកើតហេតុ ស្រាប់ជនសង្ស័យខាងលើ បានដើរតាមបណ្ដោផ្លូវបេតុងដែរ ក្នុងទិសដៅពីលិចទៅកើត(ច្រាស់គ្នា) ដោយជនសង្ស័យមានកាន់ដំបងឈើជ្រុងមួយកំណាត់នៅនឹងដៃ តែជនរងគ្រោះពុំចាប់អារម្មណ៍នោះទេ លុះមកដល់ជិតជនរងគ្រោះ ជនសង្ស័យបានវាយមកលើជនរងគ្រោះជាច្រើនដំបង ដោយពុំដឹងមូលហេតុអ្វីនោះទេ បណ្តាលអោយរងបួសជាទម្ងន់បាក់ដៃ និងដងខ្លួន ភ្លាមនោះក៏ផ្អើលឆោឡោយកជនរងគ្រោះ ទៅព្យាបាលនៅប្រទេសវៀតណាម។
រីឯជនសង្ស័យត្រូវបានបងប្អូនសាច់ញាតិដេញតាមចាប់ខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ដើម្បីចាត់ការបន្តតាមនិតិវិធី៕