ជិះឡាន Prius ទៅប្លន់ម៉ូតូ! កម្លាំងព្រហ្មទណ្ឌខេត្តកណ្ដាលបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ និងជួញដូរគ្រឿងញៀនដ៏ធំ ឃាត់ខ្លួនបាន ៤នាក់ និងរឹបអូសវត្ថុតាងរាប់សិបមុខកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាបសំបុកចោរប្លន់ ទទួលផលចោរកម្ម និងជួញដូរគ្រឿងញៀនដ៏សកម្មមួយក្រុម ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ និងដកហូតវត្ថុតាងគ្រឿងបន្លាស់ម៉ូតូ អាវុធ និងឧបករណ៍ពាក់ព័ន្ធជាច្រើនមុខ។ ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីថ្ងៃទី៨ កុម្ភៈ ២០២៦ វេលាម៉ោង ៣ និង១៥នាទីរំលងអធ្រាត្រ នៅចំណុចបណ្ដោយផ្លូវជាតិលេខ៥១ ក្នុងភូមិពណ្ណរាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល។លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ក្រុមជនសង្ស័យពាក់ព័ន្ធក្នុងសំណុំរឿងនេះមានគ្នាទាំងអស់ ១០នាក់ ប៉ុន្តែសមត្ថកិច្ចឃាត់ខ្លួនបាន ៤នាក់សិន រួមមានទី១ ឈ្មោះ អ៊ំ រដ្ឋធី ហៅ ធី (ប្រុស, ៣១ឆ្នាំ) ជាមេក្លោង ទី២ ឈ្មោះ អ៊ំ ឈុនលី (ប្រុស, ២៣ឆ្នាំ) ជាមេក្លោងនិងមានសារធាតុញៀនក្នុងទឹកនោម ទី៣ ឈ្មោះ ង៉ូវ ខេមរា ហៅ ឡយ (ប្រុស, ២៣ឆ្នាំ) មានសារធាតុញៀនក្នុងទឹកនោម និងទី៤ ឈ្មោះ ផុន សុភាព ហៅ គួយ (ប្រុស, ៣០ឆ្នាំ) ជាអ្នកទទួលផលចោរកម្មមានសារធាតុញៀនក្នុងទឹកនោម និងមានដីកាចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន។ ចំណែកបក្ខពួក ៦នាក់ទៀតកំពុងរត់គេចខ្លួន រីឯជនរងគ្រោះមានឈ្មោះ រិន ធូម៉ា (ប្រុស, ២៣ឆ្នាំ) មុខរបរកសិករ ដែលបានបាត់បង់ម៉ូតូ ១គ្រឿងម៉ាក Honda Dream ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-5120។ វត្ថុតាងដែលដកហូតបានមានចំនួនច្រើនសន្ធឹកសន្ធាប់រួមមាន រថយន្ដ ១គ្រឿងម៉ាក Toyota Prius ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9507 (មធ្យោបាយធ្វើសកម្មភាព), ម៉ូតូ Honda XR ចំនួន ២គ្រឿង, គ្រឿងបន្លាស់ម៉ូតូចម្រុះ, អាវុធរួមមានកាំបិតផ្គាក់ ៥ដើម ពូថៅ ១ ដែកទីប ១ ដាវ ២ដើម គ្រាប់កាំភ្លើង ៥គ្រាប់ ស្នាប់កាំភ្លើងខ្លី ១ រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងជញ្ជីងថ្លឹងចំនួន ២គ្រឿង។លោកអធិការបានឲ្យដឹងទៀតថា នៅថ្ងៃទី៧ កុម្ភៈ ២០២៦ ម៉ោង ១៥ និង០០នាទី ជនរងគ្រោះ និងមិត្តភក្តិបានជិះម៉ូតូមកលេងផឹកស៊ីនៅបន្ទប់ជួលបងធម៌ ក្នុងភូមិព្រៃរការ ឃុំឆក់ឈើនាង។ លុះផឹកដល់ម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៨ កុម្ភៈ ពេលជនរងគ្រោះជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ស្រាប់តែមានរថយន្ត Prius ពណ៌សមួយគ្រឿងបើកមកកៀរឲ្យឈប់។ ដោយស្មានថាជាប៉ូលិស ជនរងគ្រោះក៏ឈប់។ ពេលនោះ ជនសង្ស័យឈ្មោះ ហួន ហ៊ីម បានចុះមកវាយមិត្តភក្តិជនរងគ្រោះជាច្រើនដៃ ចំណែកឈ្មោះ អ៊ំ ឈុនលី បានកាន់កាំបិតផ្គាក់ចុះមកគំរាម ធ្វើឲ្យជនរងគ្រោះភ័យរត់ចោលម៉ូតូ។ ភ្លាមនោះ ឈ្មោះ ហួន ហ៊ីម បានជិះម៉ូតូជនរងគ្រោះគេចខ្លួនទៅបាត់។លោកអធិការបានបញ្ជាក់ថា ក្រោយទទួលបានបណ្តឹង កម្លាំងជំនាញចម្រុះបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១១ កុម្ភៈ ២០២៦ ម៉ោង ៨ និង៣០នាទីព្រឹក ក៏បានឈានទៅឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងនៅផ្ទះសំណាក់ត្រាពេជ្រ ក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ តាមចម្លើយសារភាព ឈ្មោះ អ៊ុំ ឈុនលី បញ្ជាក់ថា ក្រោយប្លន់បាន ពួកគេយកម៉ូតូទៅលក់ឲ្យឈ្មោះ ផុន សុភាព។ លុះថ្ងៃទី១២ កុម្ភៈ សមត្ថកិច្ចបានបន្តឃាត់ខ្លួនឈ្មោះ ផុន សុភាព។ បន្ទាប់មកនៅថ្ងៃទី១៣ កុម្ភៈ ក៏ឈានទៅឃាត់ខ្លួនឈ្មោះ អ៊ំ រដ្ឋធី ដែលសារភាពថាខ្លួនជាអ្នកបើករថយន្តនៅថ្ងៃធ្វើសកម្មភាព។បច្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃម្សិលមិញ ត្រូវនឹងថ្ងៃទី១៤ កុម្ភៈ ២០២៦ ដើម្បីចាត់ការបន្តតាមច្បាប់ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបក្ខពួកដែលនៅសេសសល់៕
ព័ត៌មានគួរចាប់អារម្មណ៍
សំណាងល្អអាជ្ញាធរ ខេត្តស្រះកែវ ជួយអន្តរាគមន៍ ពន្លត់ទាន់ បើពុំដូច្នោះទេបន្ទប់ជួល២០០បន្ទប់ ដែលអាជីវករខ្មែររស់នៅ នឹងប្រឈមការឆាបឆេះជាក់ជាមិនខាន (លោក ធីម ថា)
ចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ពន្ឋ័ករណីលួច (ទស្សនៈមហាជន)
កាំកុងត្រូលខេត្តកណ្ដាល ចុះត្រួតពិនិត្យទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដាក់លក់នៅផ្សាររកាកោង (ទស្សនៈមហាជន)
រដ្ឋបាលខេត្តស្ទឹងត្រែង បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត សម្រាប់អាណត្តិទី៣ ឆ្នាំ២០១៩ នៅក្នុងស្រុកសៀមប៉ាង (ទស្សនៈមហាជន)
ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន (ទស្សនៈមហាជន)
វីដែអូ
ចំនួនអ្នកទស្សនា